Skip to main content

ការរៀបចំដើម្បីសាងសង់ប្រាសាទ

ចចំពោះការរៀបចំដើម្បីសាងសង់ប្រាសាទ ដំបូងត្រូវធ្វើការសិក្សាស្រាវជ្រាវចំពោះទីតាំងនោះនូវអត្ថន័យសំខាន់នៃក្បួនសាសនា និងត្រូវសញ្ជឹងគិត ចំពោះការដែលបានកាន់កាប់នៅពេលដំបូងឡើង តាំងពីភាពដែលកើត មានឥទ្ធិពលលើសពីធម្មតា និងភាពនៃតំណាងនូវមន្ដអាគមដ៏សក្ដិសិទ្ធិទាំងឡាយ។ នោះជាការពិនិត្យទៅលើស្ថានភាពដីជាដំបូង និងប្រភេទនៃដីនោះ ហើយនិងវត្ដមាននៃរុក្ខជាតិ ទាំងឡាយដែលកំពុងដុះលូតលាស់នៅទីនោះ ដែលកិច្ចការទាំងនេះ គឺត្រូវទាក់ទងទៅនឹងការចេះគន់គូរមើលដ៏ត្រឹមត្រូវរបស់អ្នកមានចំណេះចេះដឹងដ៏ច្បាស់លាស់ ប្រៀបប្រដូចទៅនឹងបុព្វជិត ។ ប្រសិនបើមានភាពសមស្របដល់ការសាងសង់ នោះ ការសំរេចនឹងត្រូវបានទទួលយក ហើយផ្ទៃដីនោះ នឹងត្រូវធ្វើរបង និងធ្វើការសំរិតសំរាំងបន្សុទ្ធឲ្យអស់នូវភាពសៅហ្មងទាំងឡាយ ដោយធ្វើការព្រាយបាចចំណី អាហារ ជូនទៅដល់ព្រលឹងនៃអ្ម្នកថែរក្សាទាំងឡាយ ដែលកំពុងរស់នៅទីស្ថាននោះ និងដាស់តឿន បង្គាប់ឲ្យចាកចេញ ដើម្បីនឹងសុំធ្វើការសាងសង់ប្រាសាទ និងក្នុងនាមអាទិទេពភាពដែលបំរុងនឹងមកថែរក្សាប្រាសាទនោះ។

ទីតាំងនោះបន្ទាប់មកត្រូវសំអាតឲ្យរាបស្មើ និងរាស់ភ្ជួរពង្រាប។ ទេពធិតានៃដីព្រះនាមប្រឹថពី និងព្រះម៉ែនៃទេពធិតានោះ បានផ្ដល់ជានិមិត្ដរូបនូវស្បូនក្នុងរូបរាងជាថូ ឬជាភាជន៌ ដែលត្រូវដាក់បញ្ចុះកប់ដី ហើយនិង ត្រូវមានគភ៌ តាមការផ្ដល់ឲ្យដោយបុព្វជិតម្នាក់នៅពេលយប់ពិសេសមួយតាមក្បួនសាសនា សុំចិត្ដមេត្ដាពីដី និងសុំឲ្យមានខ្លឹមសារ មានជីវជាតិមានផលល្អប្រសើរ។ ជាមួយគ្នានោះដុំថ្ម ឬដុំឥដ្ឋក៏ត្រូវបានប្រសិទ្ធិឧទ្ទិស និងកប់បញ្ចុះទៅផងដែរ ដែលនោះគឺជាការបម្លែងអំណាចដ៏មានខ្លឹមសារទាំងនោះ ឲ្យទៅជាមរតកទ្រព្យសម្បត្ដិ ចំពោះការគ្រោងតម្លើងរូបរាងប្រាសាទ តាមបែបបទនៃក្បួនសាសនាអំពីដីនេះ។

ដូចគ្នាដែរ បន្ទាប់ពីបានសម្រិតសម្រាំងបន្សុទ្ធ និងបញ្ចុះគ្រឹះសុំព្រះម៉ែព្រះធរណីបង្កើតគភ៌រួចហើយ តាមលក្ខណៈនៃសាសនាហិណ្ឌូ ដែលមាននៅឥណ្ឌា មុននឹងធ្វើការសាងសង់តម្លើងរូបរាងប្រាសាទ គំរោងមូលដ្ឋាននៃគ្រឹះបាតនោះគឺបានគិតថា បានលាតសន្ធឹងពីលើរូបភាពមនុស្សម្នាក់ដ៏អាថ៌កំបាំងឈ្មោះ បុរុសៈ (Purusha) ឬជាព្រលឹងវិញ្ញាណអរូបិយ៍នៃទីតាំង។ រូបភាពប្រហែល ឬស្រដៀងដូចមនុស្សនេះ មានអត្ថប្រយោជន៌ ទៅដល់ការដៅផ្នែកផ្សេងៗនៃប្លង់បាតប្រាសាទនោះ ដែលហាក់ដូចជាអវៈយវៈនៃកាយវិភាគសាស្ត្រ។ នោះគឺជាវិជ្ជាប្រជុំស័ព្ទបច្ចេកទេស ដែលនឹងត្រូវបានអនុវត្ដទៅដល់ទ្រង់ទ្រាយប្រាសាទក្នុងទំហំទាំងបី គឺក្នុងលំហ។ នៅក្នុងការកំណត់ជាអរូបិយ៍ បុរុសៈ តំណាងទៅដល់សក្ដានុភាព នៃទីតាំងផ្ទាល់នោះតែម្ដង គឺជាអំណាចតំណាងមួយនៅក្នុងប្រាសាទពេលដែលសាងសង់រួចរាល់ ។ ទីតាំងនោះនឹងត្រូវបែងចែកជាក្រឡាចត្រង្គ ហាក់ដូចជាផ្ទាំងក្ដារអុកមួយដែលមាន ទេវតាមួយរូបក្រាបពីលើផ្ទៃនោះ ដោយយកព្រះកេសដាក់នៅទិសឦសាន ហើយនៅក្នុងផ្ទៃនេះក៏មានទេវតាមួយចំនួនទៀតកំណត់ជាព្រលឹង ថែរក្សាទំនុកបំរុងតាមដុំក្រឡានីមួយៗនោះ។ ព្រះព្រហ្ម អាទិទេព ថ្នាក់ខ្ពស់ជាអ្នកសូនបង្កើតរូបរាង ដែលជានិច្ចកាល នៅចំកណ្តាលការ៉េ ឬការ៉េកណ្ដាលមានមុខបួនកំពុងសម្លឹងទៅគ្រប់ទិសនៅពេលជាមួយគ្នា ជាអ្នកមានទេពកោសល្យបង្កើតគំនិត និងចាត់ចែងគ្រប់គ្រងទីតាំងនេះទាំងមូល ។ ក្រឡាសំអាងទាំងនេះ គឺជាការរៀបចំផ្ទៃតំបន់នីមួយៗឲ្យមានឈ្មោះសមរម្យ ។ អ្នកជំនាញ ដ៏សំខាន់ប្រចាំការការងារនៅទីតាំង ក្រៅពីបុព្វជិតដែលមានចំណេះដឹងជ្រៅជ្រះខាងសាសនា និងការសាងសង់ គឺជាស្ថាបទិ (Sthapati) ឬជាមេស្ថាបត្យករ ប្រកបដោយគុណភាពខ្ពស់ខាងបច្ចេកទេសនិងសិល្បៈក្នុងការសាងសង់ រួមទាំងចំណេះដឹងអំពីក្បួនវេគ យ៉ាងច្បាស់លាស់និងស្ថិតក្នុងជម្រៅនៃដួងចិត្ដ មានការរៀបចំអត្ថបទដ៏ពិសិដ្ឋសំរាប់ពិធីបូជាផ្សេងៗ ក៏ដូចជាការគ្រប់គ្រង ដឹកនាំទាំងឡាយខាងការងារស្ថាបត្យកម្ម និង ចំលាក់។ ហើយជាបន្ថែមពីលើនេះ គាត់តម្រូវឲ្យមានឧត្ដមភាពខ្ពង់ខ្ពស់ខាងការងារ និងជាទីគោរព ជាអាចារ្យ គ្រូសាសនា គួរឲ្យកត់សំគាល់។

មតិ