Skip to main content

មណ្ឌប (Mandapa) ប្រាសាទខ្មែរ

មមណ្ឌប ជាពាក្យសំស្ក្រឹត ពីមុនមកត្រូវបានប្រើនៅក្នុងស្ថាបត្យកម្មព្រហ្មញ្ញសាសនា និងពុទ្ធសាសនា មានន័យថារោងឬពន្លាសំរាប់ធ្វើពិធីបែបជំនឿសាសនា។ តាមការដំណាលនៅក្នុងរឿងមហាភារតៈ ស្តេចបញ្ចាលរាជ បានបញ្ជាឲ្យសង់ព្រះពន្លាដាសដោយសំពត់ស មានកំពូលជាមណ្ឌបបិតមាសសំរាប់ស្តេចគង់ទតនៅពេលការប្រកួតចាប់ផ្តើម អ្នកប្រកួតប្រឡងបាញ់ធ្នូសិល្ប៍ទាំងឡាយ អង្គុយនៅរោងទងពីមុខព្រះពន្លា។ ចំពោះដំណើរជីវិតព្រះពោធិសត្វ ក្នុងសម័យកាលនៃព្រះពុទ្ធអនោមទស្សី ព្រះពោធិសត្វ ដែលបានយោនយកកំណើតជាយក្ស មានឋានៈជាសេនាបតី បាននិម្មិតមណ្ឌបយ៉ាងល្អវិសេស ដើម្បីជាមហាទានដល់ព្រះភិក្ខុសង្ឃមានព្រះពុទ្ធជាប្រធាន។ មណ្ឌបប្រតិស្ឋានព្រះកែវមរកត ដែលបានសាងសង់ឡើងដោយពុទ្ធបរិស័ទ្ធ មានព្រះនាគសេនជាប្រធាន។ ចំពោះឋានទេវតាឯណោះវិញ តាមរយៈការសំដែងធម៌ប្រោសព្រះមាតារបស់ព្រះពុទ្ធ ក៏មានពណ៌នាថា ខាងក្នុងមណ្ឌបជាទីប្រថាប់របស់សក្កទេវរាជ មានបល្ល័ង្គកែវមុនីទទឹង១យោជន៍។ ម្យ៉ាងទៀតនៅក្នុងជំនឿប្រពៃណីខ្មែរក៏មានពាក្យមណ្ឌបនេះដែរ ដូចជាព្រះកេសរបស់ព្រះកបិលមហាព្រហ្ម ក្រោយពីបានហែរប្រទក្សិណជុំវិញភ្នំព្រះសិមេរុ៦០នាទី ក៏ត្រូវបានយកទៅប្រតិស្ឋានទុកក្នុងមណ្ឌបមួយក្នុងមហាគុហារគន្ធមាលីនៃភ្នំលៃលាស។ រហូតមកដល់សព្វថ្ងៃនេះ អត្ថន័យមណ្ឌបក៏បានសំដៅទៅដល់ទីជម្រកដ៏គត់មត់ដ៏សមប្រសើរនៃរូបសំណាកដ៏ជាទីសក្ការៈជាទីគោរពស្រឡាញ់ ដូចជាមណ្ឌបព្រះបរមរូបព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម ដែលទ្រង់អាជានេយ្យ តម្កល់នៅខាងមុខព្រះវិហារព្រះកែវមរកត, មណ្ឌបព្រះបរមរូបព្រះករុណា ព្រះបរមរតនកោដ្ឋ នៅសួនច្បារខាងកើតវិមានឯករាជ្យ។

ចំពោះមណ្ឌបប្រាសាទ តាមសៀវភៅវចនានុក្រមខ្មែរសរសេរដោយសម្ដេចសង្ឍរាជ ជួន ណាត ថា គឺច្រើនហៅចំពោះប្រាសាទតូចៗ ដែលមានដំបូលជាកំពូលរាងក្រឡោ សណ្ឋានមកុដ វិចិត្រដោយក្បាច់រចនាផ្សេងៗ ហើយតាមលោក LAWRENCE PALMER BRIGGS មណ្ឌប គឺជាពន្លាមួយ ធ្វើអំពីឥដ្ឋឬថ្ម ជាមួយនឹងការជ្រកនៅនៃរូបសំណាកជាទីគោរព និងជាធម្មតាស្ថិតនៅក្នុងប្រាសាទឬទីជម្រក ដូចជាប្រាសាទហាន់ជ័យ ឬក៏បន្ទប់ក្នុងនៅប្រាសាទអាស្រមមហាឥសី និងប្រាសាទពីរទៀតនៅក្នុងតំបន់ប្រាសាទសំបូរណ៍ព្រៃគុក។

លើសពីនេះ ក្នុងប្រាសាទហិណ្ឌូ មណ្ឌបគឺជាជម្រក, រោងដែលសង់ពីមុខប្រាសាទសក្ការៈ គឺពីមុខក្បាលគ្រឹះ ប្រកបដោយការរចនា មានសសរឬអត់សសរ សំរាប់អ្នកមកបួងសួងធ្វើកិច្ចការផ្សេងៗតាមបែបសាសនា ជាទីសំចតមុននឹងបន្ដដំណើរចូលក្នុងទីប្រាសាទសក្ការៈ។ មណ្ឌប ជាកន្លែងដែលនឹងត្រូវធ្វើឲដាច់ដោយពិតប្រាកដពីកន្លែងធម្មតា ដើម្បីបង្កើតការបែងចែក ដ៏សមសួនមួយនៃអ្នកគោរពសក្ការៈ ដើម្បីត្រៀមបំរុងមុននឹងផ្ដើមដល់ការគោរពបូជា ។ ពិធីបុណ្យទានទាំងឡាយត្រូវបានរៀបចំឡើងនៅក្នុងមណ្ឌបនេះ។ អ្នកបួងសួង ផ្ដុំគ្នានៅក្នុងមណ្ឌប ទម្រាំព្រះអាទិទេព បាននិយាយថ្លែង ឬបង្ហាញឲឃើញនូវរឿងអាថ៌កំបាំង ។ នៅប្រទេសឥណ្ឌា ក្នុងរវាងសតវត្សទី ៥ ប្រាសាទសក្ការៈទាំងឡាយ មានបន្ទប់មួយ រាងជាជង្រុក ឬរោងនៅពីមុខ ត្រូវបានហៅថា មណ្ឌប ឬ Jagamohan ដូចជា ក្នុងករណីចំពោះប្រាសាទ Lad Khan នៅAihole ក្នុងDeccanដែលជា ស្នាដៃនៃ សន្ដិវង្ស Tchaloukyas ។ មណ្ឌបតែងស្ថិតនៅទិសខាងមុខនៃប្រាសាទសក្ការៈជាទូទៅ មានដូចជាប្រាសាទកោះកេរ្តិ៍, ប្រាសាទបន្ទាយស្រី, ប្រាសាទចៅសាយ, ប្រាសាទធម្មាន្នន។ល។

មណ្ឌបអាស្រមមហាឥសី ភ្នំដា



មណ្ឌបអាស្រមមហាឥសី កំពង់ធំ

ទីតាំងមណ្ឌបប្រាសាទប្រាង្គ

ទីតាំងមណ្ឌប ប្រាសាទប្រាង្គមានយ៉បួនទិសឬកាកបាទ

មតិ