Skip to main content

តើក្របផ្ទះជាអ្វី?

តាមនិយមន័យទូទៅ ក្របគឺជាធាតុនៃសំណុំវត្ថុឬរបស់អ្វីមួយ ដែលត្រូវបានហ៊ុមព័ទ្ធពីក្រៅគេបង្អស់ ហើយមាននាទីពង្រឺងការពារផ្នែកឬផ្ទៃខាងក្នុង ដូចជាក្របសៀវភៅ, ក្របសាស្រ្តា, ជាដើម។

ចំពោះសំណង់អគារឬលំនៅដ្ឋានដែលធ្វើអំពីឈើ មានធាតុគ្រឿងបង្គុំសំណង់មួយហៅថាក្រប។ ឈើដែលយកមកធ្វើក្របនេះ មានទោលនិងបន្ទារប៉ុនគ្នានឹងឈើរតឬឈើធ្នឹមដែរ តែក៏ជួនកាលមុខបន្ទារវាស្តើងជាងបន្តិច។ ឈើនេះ ត្រូវបានដាក់ផ្តេកក្រវាត់ព័ទ្ធជុំវិញសសរក្រៅ តាមទីតាំងពីរកន្លែង៖
- ក្របដែលនៅផ្នែកខាងលើ ពីក្រោមផ្ទោង ដែលជាទូទៅមានតួនាទីទ្រផ្ទោងតែម្តង ហៅថា ក្របលើ
- ក្របដែលនៅផ្នែកខាងក្រោម ពីលើរត ឬប្រផាត់បាំងរតបន្តិច ហៅថា ក្របក្រោម

តួនាទីក្រប ក្រៅពីជាកណ្តាប់គ្រឿងឆ្អឹង ឬគ្រឿងបង្គុំផ្ទះឈើ គឺបានរួមចំណែកការពារនូវដំណើររួមចូល ឬ រីកចេញ នៃជួរបង្គោលសសរនិមួយៗ ដែលអាចកើតឡើងជាយថាហេតុណាមួយ។ ឈើក្របនេះវាក៏បំពេញនាទីជាធាតុស្ថាបត្យកម្មផងដែរ។ ឈើក្របក្រោមជារបាំងបិទបាំងរនូតនិងរនាប ដែលជួនក៏មានក្តារជញ្ជាំងបាំងពីក្រៅទៀត(រូបភាពទី១) ជួនក៏ក្តារជញ្ជាំងត្រូវបានតម្រឹមរត់ជួរគ្នាពីលើឈើក្របនេះ(រូបភាពទី២)។ ឯឈើក្របលើ ដែលធម្មតាត្រូវមានផ្ទោងគងពីលើ(រូបភាពទី៣) ជួនក៏ពុំបានទ្រផ្ទោងដែរ គឺគ្រាន់តែជាកណ្តាប់ស៊ុមនៃព្រិលតែប៉ុណ្ណោះ ជួនក៏គ្មានតែម្តងដោយប្រើរបារជំនួសវិញ។ ចំពោះក្របដែលមានផ្ទោងពាក់គងពីលើនេះទៀត ក៏ករណីខ្លះត្រូវបានគេលាក់ក្បាលសសរដាក់បញ្ចូលពីលើ ឲ្យនៅឈរលើក្រោមតាមជួរធ្នឹមផងដែរ(រូបភាពទី៤)។

រូបភាពក្របក្រោម ដែលក្រវាត់ពីក្រៅសសរ  មើលពីក្រោម ឃើញមានក្តារជញ្ជាំងបាំងគ្របពីលើផុតទាំងឈើក្របនេះទៀត
រូបភាពទី១: ក្របក្រោមដែលមានក្តារជញ្ជាំងបាំងគ្របពីលើ
រូបភាពក្របក្រោមដែលជើងក្តារជញ្ជាំងមកតម្រឹមជួរគ្នានៅផ្នែកខាងលើក្របក្រោមនេះ
រូបភាពទី២:​ ក្របក្រោមដែលមានក្តារជញ្ជាំងបាំងទល់
រូបភាពក្របលើដែលមានផ្ទោងគងពីលើ
រូបភាពទី៣: ក្របលើដែលមានផ្ទោងគងពីលើ
រូបភាពក្របលើរត់ជួរខ្សែរឈរជាមួយធ្នឹម គឺក្បាលសសរត្រូវបានលាក់ដាក់បញ្ចូលក្រលពីលើវិញ ខុសពីផ្ទះឈើធម្មតាដែលក្របលើនេះដុំពីជំហៀងផ្នែកខាងក្រៅ
រូបភាពទី៤: ក្របលើរត់ជួរខ្សែរឈរជាមួយធ្នឹម

មតិ