Skip to main content

ដំបូលប្រាសាទ "តំណថ្មដំបូល"

បប្រាសាទជាលំនៅស្ថានរបស់អាទិទេព។ ក្នុងគ្រាដំបូងនៅពេលដែលពុំទាន់ចេះសង់ប្រាសាទ គេតែងតែចោះជញ្ជាំងភ្នំ ឬ រកល្អាង ទីកន្លែងសមគួរសំរាប់ជាទីលំនៅព្រះអាទិទេព និងធ្វើការគោរពបូជា។ ជាបន្តបន្ទាប់មក កន្លែងសក្ការៈនេះក៏វិវត្តទៅតាមការរីកចំរើននៃគំនិតប្រាជ្ញារបស់មនុស្ស គឺឈានដល់សំណង់អំពីឈើ ឥដ្ឋ ថ្ម ហើយក៏ក្លាយជាជំរកដ៏រឹងមាំ និង សុខដុមរបស់ព្រះអាទិទេព។

ដំបូលជាផ្នែកពិសេសមួយ ដែលមិនគ្រាន់ត្រឹមតែជារនាំងបាំងម្លប់ប៉ុណ្ណោះទេ លើសពីនេះទៅទៀតគឺការពារទឹកភ្លៀងមិនឲ្យហូរស្រក់ចូលទៅក្នុងបាន។ សូមពិចារណាមើលថា ដុំថ្មនិមួយៗត្រូវបានតម្រៀបគ្នាតាមជួរខ្សែរដេក ហើយផ្ទៃបាតនៃដុំថ្មខាងលើនិងផ្ទៃលើនៃដុំថ្មខាងក្រោមប៉ះគ្នាក្នុងស្ថានភាពលំនឹងជាផ្ទៃដេករាបស្មើ ដើម្បីកុំឲ្យរអិលធ្លាក់ គឺខុសពីដំបូលផ្ទះធម្មតា ដែលត្រូវប្រក់នៅក្នុងជំរាលមុំមួយជាកំណត់ ជៀសវាងមិនឲ្យទឹកហូរចូលទៅផ្នែកខាងក្នុង។ ពិតប្រាកដថាដុំថ្មដំបូលមិនអាចតម្រៀបគ្នាឲ្យទ្រេតដូចក្បឿងឬដូចស្លឹកបាន តែក៏ពុំឃើញមានទឹកភ្លៀងហូរចូលទៅទទឹកផ្នែកខាងក្នុងដែរ ករណីនេះ តើបុព្វការីជនជាអ្នកសាងសង់ជំនាន់ដើម ពេលចាប់ផ្តើមមានប្រាសាទថ្មនោះ ត្រូវរៀបដូចម្ត៉េច? ពិតជាមិនគួរឲ្យជឿតែភស្តុតាងបានបង្ហាញឲ្យច្បាស់ថា បុព្វការីជនខ្មែរយើងបានតម្រៀបដុំថ្មទាំងនោះជាលក្ខណៈពិសេស(រូបភាពទី១) ខុសពីតំណថ្មជញ្ជាំងធម្មតា។ នោះគឺជាការដាប់លកតាមផ្ទៃជំហៀងដែលត្រូវប៉ះគ្នានោះ បង្កើតជាចង្អូរផ្អៀងទ្រេតពីក្នុងចេញក្រៅ(រូបភាពទី២) ប្រៀបដូចជាទទឹក ឯថ្មម្ខាងទៀតក៏ត្រូវបានដាប់លកលាក់របៀបដូចគ្នានេះ ក្នុងទិសដៅបញ្រ្ជាស់ រួចក៏ត្រូវបានដាក់បង្ខាំគ្នា(រូបភាពទី៣)។ តាមតំណភ្ជាប់បែបនេះ ទឹកភ្លៀងដែលបានហូរជ្រៀតចូលចុះទៅក្នុងតាមមុខតំណលើនោះ វានឹងធ្លាក់ចូលទៅក្នុងចង្អូរទ រួចក៏នឹងហូររមៀលចេញមកក្រៅភ្លាមដែរ។

“តំណទទឹក”នេះ ត្រូវបានប្រើមិនថាសំណង់ប្រាសាទថ្មនោះ មានដំបូលជាផ្ទៃរាបស្មើ(រូបភាពទី៤) ឬជាដំបូលក្រឡូម(រូបភាពទី១) ដែលឃើញមានជាទូទៅនៅចុងសម័យនគរភ្នំ​ ឬ នៅក្នុងអន្តរកាលនៃសម័យចេនឡា។ តាមការវិភាគរកដើមហេតុនៃ”តំណទទឹក”នេះ ឃើញថាហាក់ដូចជាបុព្វការីជនខ្មែរយើង បានយកតម្រាប់តាមដំបូលដែលប្រកដោយឬស្សីពុះជាពីរដែលបានលួសយកថ្នាំងពោះចេញហើយដាក់តម្រៀបផ្ងារផ្កាប់លើគ្នា។

តំណថ្មដំបូលប្រាសាទ ដែលមានដំបូលក្រឡូម និងនៅកន្លែងដែលដំបូលនេះកោងចូល ងាយនឹងរងតំណក់ទឹកភ្លៀងខ្លាំង។ ដោយរូបរាងតំណមានរាងដូចនឹងទទឹង ក៏ត្រូវបានកំណត់ឈ្មោះថា
រូបភាពទី១: តំណថ្មដំបូលប្រាសាទ ដែលមានដំបូលក្រឡូម
រូបភាពគំនូសបង្ហាញពីថ្មនៅកន្លែងដំបូល ដែលត្រូវបានដាប់ជាចង្ងូរ ដោយឲ្យផ្នែកខាងក្នុងខ្ពស់ជាងខាងក្រៅបន្តិច អាចងាយឲ្យទឹកភ្លៀងដែលបានហូរចូល ត្រូវហូរបន្តចេញក្រៅភ្លាម
រូបភាពទី២: រូបភាពគំនូសបង្ហាញពីថ្មដែលត្រូវបានដាប់ជាចង្អូរមើលពីផ្នែកក្នុងទៅផ្នែកក្រៅ
ទិដ្ឋភាពបង្ហាញពីរបៀបបង្ខាំគ្នានៃតំណថ្មដំបូលពីរដុំដែលនៅជិតគ្នា ដែលត្រូវបានហៅថា
រូបភាពទី៣: ទិដ្ឋភាពបង្ហាញពីរបៀបបង្ខាំគ្នានៃ"តំណទទឹក"
តំណថ្មដំបូលប្រាសាទ ចំពោះប្រាសាទដែលមានដំបូលដែលមានផ្ទៃរាបស្មើ ដែលបង្ហាញផងដែរថា គ្រប់ប្រាសាទទាំងអស់ដែលធ្វើអំពីថ្ម នៅចុងសម័យនគរភ្នំ ឬ​អន្តរកាលនៃសម័យចេនឡា មិនថាដំបូលជាផ្ទៃរាប ឬ ដំបូលជារាងក្រឡូម គឺមានតំណនៅដំបូលជាលក្ខណៈ
រូបភាពទី៤: តំណថ្មដំបូលប្រាសាទ ចំពោះប្រាសាទដែលមានដំបូលដែលមានផ្ទៃរាបស្មើ


មតិ