Skip to main content

ប្រាង្គ

ជជាទូទៅ ប្រាង្គគឺជាសំណង់មានបន្ទប់រាងជាគូបនិងច្រកទ្វារនៅទិសខាងកើត ដែលនៅពីលើបន្ទប់នេះមានបន្តប់ឡើងនូវជាន់ថ្នាក់បន្តបន្ទាប់រាងក្រឡោ ហើយចេះតែរួមតូចទៅៗ ដែលកំណត់ថាជារចនាសម្ពន័្ធនៃដំបូល និងបានបញ្ចប់ដោយទៅទល់គ្នានឹងកំពូលរាងផ្កាឈូក។ ចំពោះសំណង់ធ្វើអំពីអ្វីក៏ដោយ ការបង្កើតដំបូលជាថ្នាក់ៗបង្រួមច្រើនថ្នាក់ គឺសំដៅទៅលើភាពខ្ពស់នៃភ្នំមេរុ ឬជានិមិត្តរូបនៃភ្នំព្រះសុមេរុទីលំនៅដ៏សុខដុមនៃព្រះអាទិទេព។ ចំនួនដំបូលតែងតែជាចំនួនសេស និងឆ្លុះបង្ហាញពីឋានៈនៃអាទិទេពលោកគង់នៅ។ កំរិតភ្នំមេរុទាបជាងគេ គឺត្រូវមានបីថ្នាក់។ ដូចនេះហើយបានជាប្រាង្គគឺជាសំណង់សំរាប់ធ្វើការគោរពបួងសួងដល់ព្រះអាទិទេពព្រហ្មញ្ញសាសនា និងក្រោយមកក៏ជាកន្លែងគោរពសក្ការៈបូជាទាំងផ្នែកព្រះពុទ្ធសាសនាផងដែរ។

ប្រាង្គជាធាតុមួយដ៏សំខាន់ នៅក្នុងស្ថាបត្យកម្មប្រាសាទខ្មែរ គឺជាកន្លែងដែលសម្បូរទៅដោយការរចនានិងបន្តប់បន្ថែមចម្លាក់ផ្សេងៗ។ នៅតាមជ្រុងទាំងបួនតែងមានល្បាក់សារពើសូត្រតាំងពីតួប្រាសាទរហូតទល់គ្នានឹងកកំពូល។ ចំពោះតួប្រាង្គក៏មានការវិវត្តន៍ពីទ្វារពិតមួយទ្វារបញ្ឆោតបី ទៅទ្វារពិតពីរឬទ្វារពិតទាំងបួន។ ប្រាង្គខ្លះក៏មានបន្ថែមអន្តរសាលា ខ្លះទៀតក៏មានបន្ថែមមណ្ឌបមកខាងមុខទៀត...។ ប្រាង្គពិតមែនតែមានកំពស់ខ្ពស់ប្រហែលគ្នានឹងប៉មកាលពីមុនមក តែប្រាង្គមានរូបរាងនិងតួនាទីខុសគ្នាស្រឡះពីប៉ម។ ប៉មគឺជាសំណង់ខ្ពស់ស្រឡះ មានរាងជ្រុងឬមូលឬរាងផ្សេងៗទៀត មានថ្នាក់ៗតាមតម្រូវការមើលឃើញ ត្រួតពិនិត្យ គ្រប់គ្រងស្ថានការណ៍ឬស្ថានភាពនៅខាងក្រោមជុំវិញបរិវេណ ដូចជា យាមល្បាត ការពារសត្រូវ ឬមើលទិដ្ឋភាពទូទៅនៃបរិវេណដែលអាចមើលដល់។ បច្ចុប្បន្នប៉ម ក៏ត្រូវបានបំពេញមុខងារផ្សេងៗលើសពីនេះទៀត ទៅតាមកំរិតបច្ចកទេសសាងសង់ឬបច្ចេកវិទ្យា ហើយជួនកាលក៏ជាអត្តសញ្ញាណនៃតំបន់ផងដែរ។ ដោយប្រាង្គជាសំណង់សាសនា ហើយកន្លងមកក៏ជាកន្លែងឧទ្ទិសដល់បុព្វការីជន ឬក៏ក្លាយជាកន្លែងបញ្ចុះសពព្រះមហាក្សត្រ ទើបនាសម័យក្រោយមករហូតដល់បច្ចុប្បន្នក៏មានចេតិយសាងសង់ជាលក្ខណៈប្រាង្គ ហៅថាចេតិយប្រាង្គ តួយ៉ាងដូចជាកាលពីឆ្នាំ២០១៧គស កន្លងទៅថ្មីៗនេះ ចេតិយដែលតម្កល់អដ្ឋិធាតុលោកតាព្រឹទ្ធាចារ្យ វណ្ណ ម៉ូលីវណ្ណ បិតាស្ថាបត្យករខ្មែរ ត្រូវបានកសាងឡើងដោយយកលំនាំតាមប្រាង្គនៃប្រាសាទបាគង ហើយព្រះចេតិយគន្ធបុប្ផា ក្នុងព្រះឧបោសថរតនារាមព្រះកែវមរកតនៃព្រះបរមមហារាជវាំងដែលកសាងឡើងនៅឆ្នាំ១៩៦០គស ក៏បានយកលំនាំតាមប្រាង្គប្រាសាទបន្ទាយស្រី។ សាមញ្ញណាស់ទៅទៀត ចេតិយដែលគ្រាន់តែបន្តុបប្រាង្គនៅផ្នែកដំបូលចំពីលើបន្ទប់ដាក់កោដ្ឋឬបញ្ចុះសពនៃប្រជារាស្ត្រធម្មតាក៏ត្រូវបានហៅថាជាចេតិយប្រាង្គផងដែរ។

ម្យ៉ាងទៀតផ្អែកតាមវចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត ប្រាង្គ សំ. ( ន. ) (< ប្រ + អង្គ) ស្តូប ឬ ប្រាសាទ​ដែល​មាន​កំពូល​ខ្ពស់ ស្ថិត​នៅ​លើ​ទី​លាន​ច្រើន​ថ្នាក់​ឬ​មួយ​ថ្នាក់​ពីរ​ថ្នាក់ ច្រើន​តែ​មាន​រាង​​ច្រឡោ​តាំង​ពី​ក្រោម​រហូត​ដល់​កកំពូល រីឯ ប៉ម (ន.) គ្រឹហា​ខ្ពស់​ស្រឡះ មាន​សណ្ឋាន​មូល​ឬ​កាច់​ជ្រុង​មាន​ជញ្ជាំង​ចោះ​ជា​ប្រហោង​ៗ​ព័ទ្ធ​ជុំ​វិញ ធ្វើ​ទុក​នៅ​ត្រង់​មុម​កំពែង​បន្ទាយ ឬ​នៅ​ទី​ណា​មួយ សម្រាប់​ពួន​យាម​ល្បាត​ឃ្លាំ​ឬ​លាក់​ខ្លួន​ពួន​ចាំ​បាញ់​តយុទ្ធ​នឹង​ខ្មាំង​សត្រូវ : ប៉ម​បន្ទាយ, ប៉ម​ព្រះ​រាជវាំង, ប៉ម​ព្រះ​នគរ (បារ. Blockhaus) ។ ហើយបើតាមវចនានុក្រមបារាំង-ខ្មែររបស់លោក សុទ្ធ ប៉ូលីន ពាក្យ Blockhaus nm. ប្លូកូស ប៉មសំរាប់ការពារជំរុំណាមួយ រីឯ Tour nf. ប៉ម អាគារ លំនៅខ្ពស់។ ចំពោះការបកប្រែពីភាសាខ្មែរទៅបារាំងឬអង់គ្លេសវិញ ពាក្យប្រាង្គនិងប៉មគឺមានតំលៃដូចគ្នាគឺTour ឬTower។ ដូចនេះជាសរុបមក ប្រាង្គ និង ប៉ម ជានាមសព្ទពីរផ្សេងគ្នា កំណត់សំគាល់ទៅលើរូបរាង អត្ថន័យ និងតួនាទីប្រើប្រាស់នៃសំណង់នោះខុសគ្នា។





ប្រាង្គប្រាសាទព្រះគោ ឧទ្ទិសដល់បុព្វការីជនរបស់ព្រះបាទឥន្រ្ទវរ្ម័នទី១ មានទាំងអស់ចំនួនប្រាំមួយនៅលើខឿនតែមួយ ដែលប្រាង្គចំនួនបីធំនៅខាងមុខតំណាងឲ្យភេទប្រុស និងបីតូចនៅខាងក្រោយតំណាងឲ្យភេទស្រី
រូបភាពទី១ ប្រាង្គប្រាសាទព្រះគោ ឧទ្ទិសដល់បុព្វការីជនរបស់ព្រះបាទឥន្រ្ទវរ្ម័នទី១

ប្រាង្គប្រាសាទបាគងដែលមានតំកល់លិង្គស្រីឥន្ទ្រស្វរៈ ជាប្រាសាទរាជ្យរបស់ព្រះបាទឥន្រ្ទវរ្ម័នទី១នេះ កាលនៅឆ្នាំ៨៨១គស ជាសំណង់អំពីឈើនៅឡើយ ហើយត្រូវបានកសាងជាថ្មនៅប្រមាណជាពីរសតវត្សកន្លះក្រោយមក
រូបភាពទី២ ប្រាង្គប្រាសាទបាគង ជាប្រាសាទរាជ្យរបស់ព្រះបាទឥន្រ្ទវរ្ម័នទី១

ចេតិយប្រាង្គបញ្ចុះអដ្ឋិធាតុលោកព្រឹទ្ធាចារ្យ  វណ្ណ ម៉ូលីវណ្ណ បិតាស្ថាបត្យករខ្មែរ ដោយយកលំនាំតាមប្រាង្គប្រាសាទបាគង
រូបភាពទី៣  ចេតិយប្រាង្គបញ្ចុះអដ្ឋិធាតុលោកព្រឹទ្ធាចារ្យ  វណ្ណ ម៉ូលីវណ្ណ
បិតាស្ថាបត្យករខ្មែរ យកលំនាំតាមប្រាង្គប្រាសាទបាគង

ចេតិយប្រាង្គក្នុងទម្រង់សាមញ្ញជាទូទៅ ដែលបានកសាងឡើងនៅក្នុងទីវត្តអារ៉ាម
រូបភាពទី៤  ចេតិយប្រាង្គទម្រង់សាមញ្ញផ្សេងៗទៀត

ប៉មត្រើយខាងកើតទន្លេមេគង្គនាសម័យបារាំង សព្វថ្ងៃនៅក្នុងទឹកដីខេត្តត្បូងឃ្មុំ
រូបភាពទី៥  ប៉មត្រើយខាងកើតទន្លេមេគង្គនាសម័យបារាំង


មតិ