Skip to main content

ឱម: ប្រភពនៃរូបសញ្ញាឱម

តតាមការស្រាវជ្រាវរកប្រភពដើមកំណើតនៃសញ្ញាឱមខ្មែរ ភស្ដុតាងដែលទទួលបានដំបូងគេ គឺឃើញមាននៅផ្នែកខាងបាតនៃរូបចម្លាក់និមិត្តរូបយោនីព្រះនាងឧម៉ាជាទម្រលិង្គព្រះឥសូរ ដែលជាវត្ថុសិល្បៈរកឃើញនៅអង្គរបុរី អតីតរាជធានីសម័យនគរភ្នំ ដូចមាននៅរូបភាពទី១ បង្ហាញខាងក្រោម។ ភស្ដុតាងមួយទៀត រូបសញ្ញាឱមត្រូវបានឃើញឆ្លាក់នៅក្នុងរណ្ដៅមួយ ក្នុងចំណោមរណ្តៅដទៃទៀត លើដុំថ្មរាងបួនជ្រុងស្មើ ដូចមាននៅក្នុងរូបភាពទី២ សំរាប់ផ្ទុកវត្ថុដ៏មានតំលៃ ដែលដុំថ្មនេះត្រូវបានទុកតម្កល់នៅក្នុងស្រទាប់ផ្កាឈូកនែកំពូលប្រាសាទ សំរាប់ជាដង្វាយថ្វាយព្រះអាទិទេព ពេលលោកយាងចុះមកសណ្ថិតក្នុងរូបសំណាកដែលបានដាក់សក្ការៈនៅកណ្ដាលប្រាសាទនោះ នៅនាសម័យអង្គរ។ ចំពោះរូបរាងសញ្ញាឱម នៅបន្ដមានទម្រង់ដូចដែលបានឃើញនៅសម័យនគរភ្នំដែរ។ ក្រៅពីនេះគេក៏ឃើញមានដែរនៅលើរូបចម្លាក់ព្រះបដិមា នាសម័យអង្គរនេះ។ សញ្ញាឱមទម្រង់នេះ ក៏នៅតែបន្ដប្រើប្រាស់រហូតដល់សព្វថ្ងៃ ពុំមានការផ្លាស់ប្ដូរឡើយ។

ដូចនេះសញ្ញាឱមខ្មែរយើង ដែលនៅក្នុងអក្សរសាស្ដ្រខ្មែរថា សញ្ញា "គោមូត្រ" ឬទឹកនោមគោ បានកើតមានតាំងតែពីសម័យនគរភ្នំ ឬអាចនឹងមានមុននេះមកម៉្លេះ បើតាមសិក្សាទៅលើឥទ្ធិពលនៃជំនឿ ឬលំហូរចូលនៃអារ្យ ធម៌ព្រហ្មញ្ញសាសនា។ ម៉្យាងផ្អែកតាមភស្ដុតាងដែលមាននេះ ឃើញថាសញ្ញាឱមខ្មែរយើង មានលក្ខណៈរូបរាងខុសគ្នាពីសញ្ញាឱមរបស់ពួកហិណ្ឌូឥណ្ឌា ដែលមានបង្ហាញនៅក្នុងរូបភាពទី៣ ។ ពិតមែន យើងបានទទួលយកសមេ្លងឱម មកប្រើប្រាស់តាមរយៈវប្បធម៌ព្រហ្មនិយមឥណ្ឌា តែក៏យើងនៅបានភ្ជាប់នូវជំនឿជីវចលនិយម ដែលជាជំនឿដើមផ្អែកទៅលើ អារក្ស អ្នកតា និងធម្មជាតិ បានធ្វើឱ្យរូបសញ្ញាឱមមានបង្កប់អត្ថន័យទូលំទូលាយ តាមបែបទំនៀមទំលាប់របស់ខ្មែរ។


រូបភាពទី២: សញ្ញាឱមនៅបាតរូបចម្លាក់និមិត្តរូបយោនីនាងឧម៉ា
រូបភាពទី៣:​  សញ្ញាឱមនៅក្នុងរណ្តៅដង្វាយព្រះអាទិទេព
(រូបខាងលើជារូបពង្រីករណ្តៅដែលមានសញ្ញាឱម)
រូបភាពទី៤: សញ្ញាឱមរបស់ហិណ្ឌូ

មតិ