នៅក្នុងលំនៅដ្ឋានខ្មែរ មានពាក្យមួយហៅថាក្ដារបែន។ តើអ្វីទៅជាក្ដារបែន? មានទីតាំងនៅកន្លែងណា? និងមានតួនាទីជាអ្វី?
ក្ដារបែន ជាបន្ទះឈើមួយផ្ទាំងដែលគេដាក់នៅត្រង់មាត់ទ្វារ ឬត្រង់មាត់ជណ្ដើរផ្ទះ។ ក្ដារនេះគ្របសង្កត់ពីលើកម្រាលឬរនាប។ ការធ្វើបែបនេះ ម្យ៉ាងដើម្បីគ្របពីលើភាពរលកនៃរនាប ឲ្យមានភាពងាយស្រួលក្នុងការដើរពីលើ និងម្យ៉ាងទៀត គឺត្រូវលើកកំពស់ឡើងឲ្យបានរាបស្មើ ឬប្រហាក់ប្រហែលគ្នានឹងក្របផ្ទះ ដែលក្រវ៉ាត់ពីក្រៅសសរ ឬអែបនឹងគ្រោងក្រោមនៃទ្វារក្នុងករណីទ្វារមានគ្រោងក្រោម ដើម្បីជួយសម្រួលក្នុងការដើរកន្លង និងងាយស្រួលក្នុងការអង្គុយលេង។ ទៅតាមលក្ខខ័ណ្ឌនៃទីកន្លែង ក្តារបែននេះត្រូវបានលុបជ្រុងរបស់វានៅកន្លែងដែលអាចនឹងដើរជំពប់ជើង។
ចំពោះទ្វារផ្ទះជំនាន់ដើម ដែលពុំទាន់មានត្រចៀកទ្វារប្រើប្រាស់ដូចសព្វថ្ងៃ គឺដើម្បីបិទបើកឲ្យសន្លឹកទ្វារវិលបាននោះ មេទ្វារម្ខាងៗនៃសន្លឹកទ្វារនីមួយៗដែលនៅផ្នែកខាងស៊ុមទ្វារនោះ ត្រូវបានធ្វើឲ្យវែងលើសទៅលើ និងលូតទៅក្រោម។ ទន្ទឹមនឹងលុបជ្រុងឲ្យវាកោងមូល ហើយផ្នែកដែលលើសនេះក៏ត្រូវឲ្យមានរាងមូលផងដែរ ងាយស្រួលដល់ការបង្វិល។ ករណីនេះ ក្ដារបែនកាន់តែមានតួនាទីសំខាន់ធ្វើជារណ្ដៅឲ្យជន្លួញមេទ្វារនេះបង្វិលបាន។ ជាមួយគ្នាដែរ ដោយការមានក្ដារបែននេះ បានធ្វើឲ្យផ្នែកខាងក្រោមនៃសន្លឹកទ្វារ ត្រូវមានចន្លោះសមស្របយ៉ាងស្រួល មិនឲ្យមកកកិតប៉ះនឹងរនាបនៅពេលបើកបិទ។
តាមវចនានុក្រមសម្តេចសង្ឃរាជជួនណាត បែនមានន័យពីរយ៉ាង គឺមួយប្រើជាកិរិយាស័ព្ទ និងមួយទៀតប្រើជាមានាមស័ព្ទ។ ចំពោះបែនជានាមស័ព្ទនេះគឺមានន័យថាជាក្ដារវែងដែលដាក់តម្កល់ខ្ពស់បន្តិចពីផ្ទៃក្ដារក្រាល អែបផ្ទាប់នឹងជញ្ជាំង សម្រាប់អង្គុយសំយ៉ុងជើងបាន, ឬបន្ទះក្តារវែងដែលដាក់គងហើយវាយដែកគោលភ្ជាប់ពីលើក្បាលសសររានហាលៈ អង្គុយលើក្ដារបែន។
ដោយផ្អែកតាមសំដីអ្នកស្រុក និងផ្អែកតាមវចនានុក្រមសម្តេចសង្ឃរាជជួនណាត នោះក្ដារបែនមានអត្ថន័យទូទៅជាបន្ទះក្ដារមានផ្ទៃធំឬតូច រាបស្មើ ដែលអាចដើរជាន់ពីលើ និងអង្គុយបាន។ នេះគ្រាន់តែជាសេចក្តីសន្និដ្ឋានដំបូងប៉ុណ្ណោះ។
ក្ដារបែននៃមាត់ទ្វារផ្ទះ |
ក្ដារបែននៃមាត់ទ្វារផ្ទះ មានទម្រង់រូបសណ្ឋានផ្សេងៗ |
អត្ថបទ “ទាក់ទងលំនៅដ្ឋាន”៖
១. | អ្វីទៅហៅថារត ? |
២. | រងស្បូវ |
៣. | រងឆាយ |
៤. | មករនៅក្នុងសំណង់លំនៅដ្ឋាន |
៥. | ក្ដារបែននៅក្នុងសំណង់លំនៅដ្ឋាន |
៦. | ដៃស្នា និង ដៃស្វា |
៧. | តើក្របជាអ្វី? |
មតិ