នៅក្នុងគ្រឿងបង្គុំសំណង់អំពីឈើ ក្រៅពីទម្របន្ទុកឈរត្រង់ នៅមានទម្រទ្រេត។ ទម្រទ្រេតឬចន្ទល់ ដែលហៅថា”ដៃស្នា” មានផ្នែកខាងក្រោមមកប៉ះនឹងខ្សែបន្ទាត់ឈរ ហើយផ្នែកខាងលើទៅប៉ះនឹងខ្សែបន្ទាត់ដេក។ ជួនកាលដៃស្នានេះក៏ផ្គុំជាមួយនឹងដុំឈើពីរកំណាត់ ដែលមានទំហំប្រហាក់ប្រហែលនឹងដុំឈើជាចន្ទល់នេះ បង្កើតបានជាសំណុំគ្រឿងទម្រទល់ទប់មួយរាងត្រីកោណកែង ហើយដុំអង្កត់ឈរតែងតែមានប្រវែងស្មើឬវែងជាងដុំអង្កត់ដេក ធៀបទៅនឹងកន្លែងប៉ះគ្នានៃដៃស្នានេះ។ ជាទូទៅតួនាទីនៃដៃស្នានេះ គឺសំរាប់ទ្រចុងផ្ទោងសំយ៉ាបដំបូល(រូបភាពទី១)។
ក្នុងគោលបំណងឆ្នៃឲ្យមានសោភ័ណល្អមួយកំរិតថែមទៀត ឈើដៃស្នាត្រូវបានកែឲ្យមានរាងកោងចូលបន្តិច ហើយត្រូវបានគេឲ្យឈ្មោះថា”ដៃស្វា”(រូបភាពទី២)។ ប៉ុន្តែដោយឡែកនៅតំបន់ឧត្តុង្គ តាមការស្រាវជ្រាវនៅឆ្នាំ១៩៧០គ.ស អ្នកស្រុកនៅតែហៅដៃស្នាដដែល។ ការឆ្នៃឲ្យមានសោភ័ណភាពតាមបែបកោងចូលនេះ ធ្វើឲ្យឈើត្រូវចុះខ្សោយគុណភាពក្នុងការទល់ទប់ គេក៏ឆ្នៃបន្ថែមឈើមួយដុំទៀតដាក់ទល់នៅកន្លែងពាក់កណ្តាលនៃឈើដៃស្វានេះ ដើម្បីជួយពង្រឹងឲ្យរឹងមាំល្អឡើងវិញ(រូបភាពទី៣)។
ក្រោយមក ពេលដែលមានសំណង់ធ្វើអំពីថ្ម រីកច្រើនឡើងជំនួសឲ្យសំណង់ឈើ គេក៏ឃើញមានដៃស្នា និង ដៃស្វា ធ្វើអំពីបេតុង ទាំងអត់ឬមានចន្ទល់ទប់កណ្តាលក៏កើតមានផងដែរ(រូបភាពទី៤)។ ពេលខ្លះ ពិតមែនតែសំណង់ធ្វើអំពីថ្មក៏ដោយ ក៏ដៃស្នាឬដៃស្វា នៅធ្វើអំពីឈើដដែល។ បច្ចុប្បន្នដោយមានការខ្សត់ខ្សោយឈើ ជួនកាលក៏គេបានយកដែកជ្រុងនិងប្រហោងក្នុង មកធ្វើជំនួសឈើវិញ(រូបភាពទី៥) ជាពិសេសចំពោះសំណង់ធ្វើអំពីឥដ្ឋ ឬ ថ្ម។
បញ្ជាក់_ ពាក្យ"ថ្ម" នៅក្នុងនេះ គឺសំដៅទៅលើឥដ្ឋ ពុំមែនថ្មធម្មជាតិនោះទេ។ ឧទាហរណ៍ ផ្ទះថ្ម គឺផ្ទះដែលត្រូវបានសាងសង់ឡើងអំពីឥដ្ឋ មានឬគ្មានបេតុងទៅតាមសម័យកាល និងមានបូកបាយអរឬអត់បូកបាយអរ។
រូបភាទី១ ដៃស្នា |
រូបភាពទី២ ដៃស្វា |
រូបភាពទី៣ ដៃស្វាមានបន្ថែមចន្ទល់កណ្តាល |
រូបភាពទី៤ ដៃស្នាធ្វើពីបេតុង |
រូបភាពទី៥ ដៃស្នាធ្វើអំពីដែក |
អត្ថបទ “ទាក់ទងលំនៅដ្ឋាន”៖
១. | អ្វីទៅហៅថារត ? |
២. | រងស្បូវ |
៣. | រងឆាយ |
៤. | មករនៅក្នុងសំណង់លំនៅដ្ឋាន |
៥. | ក្ដារបែននៅក្នុងសំណង់លំនៅដ្ឋាន |
៦. | ដៃស្នា និង ដៃស្វា |
៧. | តើក្របជាអ្វី? |
មតិ