Skip to main content

សត្វនាគ(Naga) និង ជំនឿ

ននាគ (Naga) ជាសត្វមួយដែលត្រូវបានខ្មែរបុច្ចប្បន្ន ដាក់សំណួរសួរថា តើមានមែនឬយ៉ាងណា?​ តាមរូបសំណាក រូបចម្លាក់ដែលបានឆ្លាក់ជាប់នឹងឧបករណ៍ប្រើប្រាស់ ឬក៏ឆ្លាក់ជាប់នឹងប្រាសាទបុរាណ គឺសត្វនាគ មានរូបរាងប្រហែលនឹងសត្វពស់ ខុសគ្នាតែក្បាល និងទំហំ។​ ដូចគ្នាដែរសត្វពស់ តាំងពីបុរាណមកក៏គេមានឃើញឆ្លាក់នៅលើវត្ថុសិល្បៈបុរាណនានានៅអូរកែវ និង នៅអង្គរបុរី ដូចជាចិញ្ចៀន និងក្បាច់ក្បូរមួយ ដែលជាលក្ខណៈនៃសិល្បៈរបស់ខ្មែរដេីម។ នៅក្នុងដំណើរឆ្នាំទាំង១២ ក៏មានឆ្នាំជាឈ្មោះសត្វនាគដែរ។ ដូច្នេះតើសត្វនាគនេះ មានមែនឬអត់?​ នៅក្នុងឆ្នាំទាំង១២នេះ សត្វទាំង១១គឺជាសត្វពិតៗ មានរហូតដល់សព្វថ្ងៃ ដែលជាហេតុធ្វើឲ្យពិចារណាថា តើអាចទេដែលក្នុងសត្វតំណាងឲ្យឆ្នាំទាំង១២ សត្វចំនួន១១ ជាសត្វពិត ហើយសត្វមួយទៀតមិនមានពិត។​ មួយវិញទៀត ក្នុងក្បួនហោរា គេបានគិតទៅដល់ដំណើររបៀបរស់នៅរបស់សត្វនិមួយៗ បើសត្វនាគមិនមានពិត តើធ្វើម្ត៉េចគេនឹងអាចដឹងពីរបៀបរស់នៅ? ហើយយ៉ាងដូចម្ត៉េចបានជានៅពេលដែលគេនិយាយអំពីនាគ តែងតែទាក់ទងទៅនឹងទឹក?

ជាការពិតណាស់ វប្បធម៌ខ្មែរបុរាណ មិនបានបែងចែកឲដាច់ស្រឡះពីគ្នា រវាងនិមិត្ដរូបរបស់ពស់ និង នាគទេ ដោយចាត់ទុកថាជា ទេព្ដា ពីព្រោះវាមានការបែងភាគ ឬនិមិត្ដរូបរបស់អាទិទេព និង វត្ថុសក្ដិសិទ្ធិ និង មានឥទ្ធិពលជាអាថ៌កំបាំងដល់ធម្មជាតិ ហាក់ដូចទៅនឹងអារក្ខ អ្នកតាជាដេីម ដែលក្នុងនោះសត្វពស់ ឬនាគនេះហាក់ដូចជាបានបំពេញនូវតួនាទីជួនជាទេព្ដា ជួនជាមនុស្ស ឬជាសត្វ។ អ្វីដែលប្លែកគឺ នាគតែងបានសំដៅចេញមកពីទឺក ឬនៅលើទឹក ឬមានឫទ្ធានុភាពលើសពីពស់ធម្មតា។ អ្នកប្រាជ្ញខ្មែរ សម្តេចសង្ឃជួនណាត បានកំណត់ថា នាគ គឺជាភាពប្រសើរ ចម្បង ឬបរិសុទ្ធ។ ដូច្នេះ នាគគឺតំណាងឲ្យភាវៈល្អលើសគេ ដំបូងគេ ប្រសើរ ឧត្តុង្គឧត្តម។

ភ្ជាប់ទៅនឹងរឿងព្រេងនិទាននៅក្នុងព្រះរាជពង្សាវតារខ្មែរ ដែលដំណាលពីស្ដេចភុជង្គនាគ បានបង្កេីតទឹកដីកោះគោកធ្លក ដេាយផឹកទឹកសមុទ្រជាហេតុធ្វេីឲរីងស្ងួតបន្ដិចម្ដង បង្កេីតបានជាដីនៃកោះនេះ ដុះឡេីង ហេីយក្លាយជានគរ ។ ថ្វីត្បិតតែរឿងព្រេង តែក៏ពិតជាមានហេតុនិងផលដោយពិតប្រាកដ ដែលបណ្តាលឲ្យកើតជារឿងព្រេងដំណាលពីមាត់មួយទៅមាត់មួយនេះឡើង រហូតដល់ការគោរពដឹងគុណស្តេចនាគម្ចាស់ទឹកម្ចាស់ដី មិនដែលភ្លេចឡើយនៅក្នុងប្រពៃណីខ្មែរ។ ស្តេចភុជង្គនាគ ជាមេសន្ដតិវង្ស ឬពូជពង្សត្រកូលមុនគេបំផុតរបស់ជាតិសាសន៌ខ្មែរ តាមការបង្កើតកូនពូនជាចៅ នៃបុត្រីស្តេចនាគនេះជាមួយនឹងព្រះថោង។ ។ជនជាតិដេីមរបស់ខ្មែរ ប្រហែលជាដូចដែលគេនិយាយថាទាក់ទងទៅនឹងសត្វនាគ ឬក៏ជាជនជាតិមានភាពប្រសេីរ ជាចម្បង ឬបរិសុទ្ធ ទេីបបានជាគេហៅថានាគ។ ឈ្មោះនេះត្រូវបានពួកនិរប្រវេសន៍ហៅនិងប្រើជាប្រពៃណីដល់ជនជាតិខ្មែរយើងនៅនគរគោកធ្លកនេះ​ ហើយប្រហែលជាតាមរយៈការហៅបែបនេះហើយ បានអាចនឹងមានកម្លាយភាសាស័ព្ទមកជានាក់​គឺកាវិវត្តន៍សូរសព្ទពី មួយនាគ ពីរនាគ មកជាមួយនាក់ ពីរនាក់។

ខ្មែរដេីមខ្លួនឯងក៏បានបង្ហាញនូវទង្វេីទាំងឡាយ ភ្ជាប់ទៅនឹងនិមិត្ដរូប រូបរាងសត្វនាគ ឧទាហរណ៍ដូចជា នាគាមឈូស, នាគបាស, គឺសុទ្ធតែជា ចំណងរុំព័ទ្ធនាំសពឲ្យទៅដល់ឋាននាគវិញ​ ជួនក៏មានដង្ហែរជូនដំណើរដោយរថរចនាជារាងនាគទៀតផង។ ទំនៀមទំលាប់ការគោរពរំលឹកគុណនាគ ក៏មានតាំងពីពេលកូនចាប់ដឹងក្ដី នាំកូនទៅបួសរៀនសូត្រចំណេះដឹង ហៅថាបំបួសនាគ ។ ក្នុងការរៀបអាពាហ៌ពិពាហ៌ មានពិធីព្រះថេាងតេាងស្បៃនាងនាគ ឬបទភ្លេងព្រះថេាង បន្ទាប់មក បទភ្លេងនាងនាគ និងបទផ្សេងៗទៀតទាក់ទងនឹងស្តេចនាគ។​ ក្រៅពីនេះគ្រប់ពេលបុណ្យទាន ការធ្វើកិច្ចពិធីអ្វីៗ ក៏តែងបានពិនិត្យមើលទៅលើដំណើរនាគ ក៏ដូចជាការគោរពម្ចាស់ទឹកម្ចាស់ដីជាស្តេចនាគពុំមានខាន។
ប្រដូចស្តេចភុជង្គនាគ

ប្រដូចបុត្រីស្តេចភុជង្គនាគ

មតិ