Skip to main content

ទស្សនៈនៃការបង្កើតរូបរាងប្រាសាទ

វណ្ណៈភាពទាំងបួនរបស់
លទ្ធិព្រហ្មញ្ញសាសនា
ប្រៀបដូចទៅនឹង
តួខ្លួនប្រាណមនុស្ស
ផផ្អែក​តាម​អត្ថន័យ​និយម​ន័យ​មុខ​ងារ​របស់​ប្រាសាទ ពិសេសទៅលើអត្ថន័យដែលថាប្រាសាទជាជម្រកដ៏ជាក់លាក់របស់អាទិទេព​ជាកន្លែងជួបរវាងមនុស្ស និង អាទិទេព ដើម្បីបានសាសង បួងសួង អង្វរព្រះអាទិទេពឲ្យលោកជួយដោះស្រាយបញ្ហាលំបាក កំចាត់បច្ចាមិត្ត គ្រោះអពមង្គលទាំងឡាយ​ស្ថាបត្យករដែលជាពពួកព្រាហ្មណ៍ កាលពីដំបូងឡើង បានរិះគិតជ្រើសរើសយកប្លង់ប្រាសាទ ជាបង្គុំរវាងផ្ទៃចតុកោណកែងស្មើ ដែលត្រូវបានហៅជាទូទៅថាការ៉េ ទៅផ្គុំជាមួយរង្វង់។ ដើមហេតុនៃការជ្រើសរើសផ្ទៃពីរនេះ គឺដោយមានទំនាក់ទំនងរវាងមនុស្សនិងព្រះអាទិទេព។ មនុស្ស តាមលទ្ធិព្រហ្មញ្ញសាសនាមាន​បួនវណ្ណៈគឺ​ វណ្ណៈព្រាហ្មណ៍, ក្សត្រ ឬខត្តិយៈ, វេស្សៈ, និងសូទ្រៈ។ ពួកព្រាហ្មណ៍​ ជាអ្នកចេះដឹងវិជ្ជាសព្វបែបយ៉ាង មានដូចជា ព្យាបាល, សាងសង់, ហោរា, តារាសាស្ត្រ, ក្បួនសឹក, គ្រប់គ្រងនគរ ជាដើម ចំពោះត្រកូលក្សត្រ​ ជាមេទ័ព ជាអ្នកដឹកនាំនគរ ប្រជារាស្ត្រ ដោយមានព្រាហ្មណ៍ជាព្រះរាជគ្រូ ឯវណ្ណៈវេស្សៈ ជាពពួកអភិជន ក្តោបក្តាប់សេដ្ឋកិច្ច ភោគផល ស្បៀងអាហារ​ ដែលបានមកពីវណ្ណៈសូទ្រៈ ជាអ្នកផលិត បង្កបង្កើនផល។ វណ្ណៈទាំងបួននេះ ដែលត្រូវបានរួមរស់ជាមួយគ្នានៅក្នុងលទ្ធិព្រហ្មញ្ញសាសនា ត្រូវបានគេប្រៀបប្រដូចទៅនឹងផ្នែកទាំងបួនដែលបង្កើតរូបរាងខ្លួនប្រាណមនុស្សគឺ ក្បាល, ដៃ, ដងខ្លួន, និងជើង។ ក្បាល​ ប្រៀបទៅនឹងពួកព្រាហ្មណ៍, ក្សត្រ ប្រៀបទៅនឹងដៃ ចង្អុលបញ្ជាការដឹកនាំ, ដងខ្លួនពិសេសគឺពោះជាទីជង្រុកនៃអាហារ ប្រៀបទៅនឹងពួកអភិជននៃត្រកូលវេស្សៈ, ឯជើងដែលត្រូវទទួលរ៉ាប់រងធ្វើការសព្វបែបយ៉ាងដើម្បីបង្កបង្កើនផលបង្កើតសម្មិទ្ធិផល ប្រៀបដូចទៅនឹងពួកសូទ្រៈ។​ ភាពទំនាក់ទំនងគ្នាមិនអាចកាត់ផ្តាច់បាននៃអង្គប្រាណ ក៏ដូចជាក្នុងសង្គម​ ពិតមែនតែការបែងចែងវណ្ណៈ ហាក់ដូចជាមានខ្ពស់មានទាប តែវណ្ណៈទាំងនោះ បានបំពេញផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក បាត់មួយណាពុំបាន។

ដោយមនុស្សទាំងបួនប្រភេទនោះនៅលើដី ក៏ត្រូវបានគេកំណត់ថាផែនដីមានរាងការ៉េ ស្របគ្នានឹងទស្សនៈសកលដែលមើលឃើញផែនដីស្ថិតនៅក្នុងទិសធំទាំងបួនគឺ កើត, លិច, ត្បូង, ជើង ក្នុងគន្លងនៃដំណើរព្រះអាទិត្យ។ ចំពោះទេព្ដា អាទិទេព នៅឋាសួគ៌ ស្ថានសុខ គឺនៅលើមេឃ។ មេឃធំល្វឹងល្វើយគឺជាលំហរួមធំទូលាយ ជាធម្មជាតិមិនឃើញកោះត្រើយ ត្រូវបានគេសន្មត់ថាជារាងរង្វង់មូល។ ផែនដីនៅក្រោមមេឃ ដូចគ្នានឹងសមិទ្ធិផលមនុស្សស្ថិតក្នុងធម្មជាតិ គឺការ៉េចារឹកក្នុងរង្វង់។ មនុស្សជឿលើអាទិទេព សូមឲ្យអាទិទេពឋានលើយាងចុះមកឋានក្រោមគឺផែនដីមកជួយមនុស្សលោក ជានិមិត្តរូបគឺ ការ៉េចារឹកក្រៅរង្វង់។ ផ្តើមចេញពីនេះ សំណង់ប្រាសាទ ត្រូវបានសាងសង់ដំបូង មានប្លង់រាងការ៉េ​ និងកំពូលពីលើប្រាសាទមានរាងរង្វង់មូល​ ដែលជាទ្រនំទីមួយនៃព្រះអាទិទេព មុននឹងលោកយាងចុះទៅកាន់រូបសំណាករបស់លោកជាតំណាងនៅក្នុងប្រាសាទ។ ដូច្នេះប្រាសាទ ជារូបភាពនៃការទាញភ្ជាប់រវាងឋានទេវតា និងផែនដី ឲ្យមកនៅជិតគ្នា​ ដើម្បីឲ្យមនុស្សបានជួបប្រាស្រ័យនឹងអាទិទេពគ្រប់ពេលវេលា។

ការវិវត្តន៍គំនិតបង្កើតរូបរាងប្រាសាទដំបូង


មតិ