អអ្នកខ្លះបាននិយាយថាប្រាសាទជាកន្លែងគង់នៅរបស់ស្តេច... ជាការពិត ប្រាសាទជាទីកន្លែងសក្ការៈរបស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ។ ប្រាសាទគឺទីកន្លែងដ៏ពិតជាក់លាក់ នៅលើទីតាំងមួយដ៏សមស្រប ទាំងខាងសាសនា ទាំងមានសោភណ័ភាព ដែលអាទិទេព អាចសម្លឹងឃើញពីលើមេឃ និងចុះមកឋានមនុស្សបានយ៉ាងឆាប់រហ័ស។ ប្រាសាទជារូបភាពបំព្រួញមួយដែលបង្រួមនូវរាល់និមិត្ដរូបទាំងឡាយ ហើយនៅក្នុងទម្រង់ពីបុរាណ គឺជាបង្គោល សសរលោកមួយ (The cosmic pillar) ដែលភ្ជាប់ពីឋានទេវតា និង ឋានមនុស្ស គឺជាអ័ក្ស ឬជន្ទល់នៃពិភពលោកដែលមានស្ថេរភាព ឬមាំមួនឋិតថេរមួយ ដែលតែងតែធ្វើឱ្យពិភពលោកកំពុងតែមានចលនា មានការផ្លាស់ប្ដូរវិវត្ដន៍(រូបភាពទី១)។ បង្គោលបែបនេះ ហៅថាអក្ស័មុណ្ឌី (The Axis Mundi) ដែលគេឃើញមាននៅប្រទេសឥណ្ឌាក្នុងរជ្ជកាលព្រះបាទអសោក នៅសតវត្សទី៣មុនគ្រិស្តសករាជ។ នៅស្រុកខ្មែរ កាលពីបុរាណកាល យើងក៏ឃើញមានបង្គោលថ្មជាច្រើនដែរ(រូបភាពទី២) ដែលសព្វថ្ងៃនៅភាគខាងជើងប្រទេសឡាវ គឺជាបង្គោលដែលបុព្វការីជនខ្មែរបានសាងឡើងមុនការហូរចូលនៃឥទ្ធិពលវប្បធម៌ឥណ្ឌា។
|
រូបភាពទី១: បង្គោលលោកភ្ជាប់ពីស្ថានទេវលោកមកស្ថានមនុស្យ នៅរជ្ជកាលព្រះបាទអសោក
|
|
រូបភាពទី២: បង្គោលថ្មបញ្ឈរ
|
ចំពោះបង្គោលសសរលោកនោះ គឺជាភ្នំព្រះមេរុ ដែលមានទម្រង់ច្រើនជាន់ ត្រួតលើគ្នានៅកណ្ដាលទ្វីបលោក ហើយនោះហើយគឺជាភ្នំហិមាល័យ ដែលនៅតាមជំរាល ទាំងឡាយនោះ គឺជាទីកន្លែងនៃអាទិទេពស្នាក់នៅ ពិសេសព្រះសិវៈ។ ក្នុងអត្ថន័យនេះ លោកស្រី Jeanine Auboyer បានសរសេរថា ប្រាសាទគឺជាសំណង់តម្រាប់តាមនៃលំនៅដ្ឋានអាទិទេព បង្ហាញឡើងដូចជាភ្នំនៃលោកយើង ដែលជាដុំស្នូលនៃពិភពលោក។ រូបរាងស្ថាបត្យកម្មផេ្សងៗ ត្រូវបានបង្កើតឡើងជានិមិត្ដរូប ដោយបង្ហាញច្បាស់នូវបន្ទប់របស់ប្រាសាទ មានដំបូលរាងសាជី ទៅតាមកំរិតឆ្លើយគ្នាទៅនឹងបណ្ដាថ្នាក់ទាំងឡាយដែលជាទម្រលំនៅដ្ឋាននៃពពួកអាទិទេព,ក្នុងពិភពនៃអាទិទេព។
មតិ